ស្លាបព្រាប្រើស្រុះទឹកក្តៅមិនពុះកាន់តែបង្កើនមេរោគ
ខែ កក្កដា 13, 2006
តាមភោជនីយដ្ឋាន ឬតាមហានអាហារតូចធំនានាតែងតែប្រើវិធីដាក់កែវនឹង ទឹកក្តៅ ដើម្បីឲ្យអតិថិជនប្រើស្រុះស្លាបព្រាធ្វើការសំអាត មុនពេលទទួលទានអាហារ ដែលការប្រើវិធីបែបនេះគេជឿជាក់ថា អាចសំលាប់មេរោគទាំងពួងបាន។វិធីបែបនេះកំពុងត្រូវបានគេជជែកវែកញែកមិនទាន់ដាច់ស្រាច់នៅឡើយថា ជាការជួយធ្វើការសំអាតស្លាបព្រា ឬបន្ថែមមេរោគកាន់តែច្រើននោះ។ ក្រុមគ្រូពេទ្យដែលបានសិក្សាអនាម័យពីរឿងនេះនៅប្រទេសប៉ែកអ៊ឺរ៉ុបបានឲ្យដឹងថា តាមគោលការណ៏អនាម័យ ស្លាបព្រាដែលបានធ្លងកាត់ការសំអាត បើសិនបានប្រមូលទុកដាក់កន្លែងបិទជិតល្អ ឬមានក្រណាត់ស្អាតឃ្លុំបិទជិត ផុតពីលំអងធូលីដី ក៏មិនបាច់ត្រូវនាំយកត្រូវស្រុះក្នុងទឹកក្តៅបន្ថែមទៀតទេ ព្រោះទឹកនៅក្នុងឆ្នាំងដាំបាយ ឬទឹកក្តៅដាក់ក្នុងកែវនោះមិនមែនជាទឹកក្តៅកំពុងពុះឡើយ។ ការស្រុះមួយចំនួនធំយើងអនុវត្តគ្រាន់តែដាក់ត្រាំស្លាបព្រាមួយសន្ទុះប៉ុណ្ណោះហើយលើកចេញមកវិញ ដែលតាមពិតពុំបានជួយសំលាប់មេរោគអ្វីទាំងអស់។
មិនត្រឹមតែប៉ុណ្ណោះ បើសិននាំស្លាបព្រាទៅស្រុះក្នុងទឹកក្តៅមិនពុះ គឺកាន់តែបន្ថែមបរិមាណមេរោគក្នុងឆ្នាំងដាំបាយបន្ថែមឡើងទៀត។ គ្រូពេទ្យឯកទេសមួយរូបបានណែនាំថា ការទទួលអាហារឲ្យបានល្អ គេពុំគួរអនុវត្តនូវការស្រុះស្លាបព្រារយ:ខ្លីដូច្នេះទេ គឺគួរប្រើវិធីសំអាតស្លាបព្រាបែបផ្សេងដែលមានសុវត្ថិភាពពីមេរោគ ឬស្រុះទឹកក្តៅកំពុងដាំពុះវិញ។ សម្រាប់ការស្រុះស្លាបព្រាដ៏ល្អ គេគួរដាក់ត្រាំក្នុងឆ្នាំងកំពុងដាំពុះ និងប្រើពេលត្រាំឲ្យបាន១នាទីឡើងទៅទើបអាចសំលាប់មេរោគទាំងអស់ចេញបាន។
(ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Entry Filed under: សុខភាព. .


ជម្រាបសួរបងប្អូនទាំងអស់គ្នា!

Trackback this post | Subscribe to the comments via RSS Feed