ផ្នូរសពប៉ុល ពត ក្លាយជាកន្លែងបួងសួង
ខែ មេសា 21, 2006
ស្រុក អន្លង់វែង(ឧត្តរមានជ័យ) ទីសក្ការៈបូជាដែលត្រូវបានសាងសង់ឡើងនៅក្បែរផ្នូរកប់សព ប៉ុលពត អតីតមេដឹកនាំខ្មែរក្រហមបច្ចុប្បន្ននេះនៅតែមានមនុស្សទៅកាន់ ទីនោះស្ទើរតែរាល់ថ្ងៃដើម្បីក្រាបសំពះសុំសេចក្តីសុខ និងខ្លះទៀតសុំឱ្យក្រុមគ្រួសាររបស់ ពួកគេមានសំណាង។បើទោះបីជានៅទីនោះមានឈ្មោះ ប៉ុលពត ជាឈ្មោះដែលខ្មែរគ្រប់រួបស្អប់ខ្ពើមបំផុតឫ សំរាប់ប្រជាជននៅទូទាំងប្រទេស ស្អប់យ៉ាងណាក៏ដោយ ប៉ុន្តែសំរាប់អ្នកស្រុកដែល រស់នៅដាច់ស្រយាលក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនោះ នៅតែចាត់ទុកថា អតីតមេដឹកនាំខ្មែរក្រហមរូបនេះជា វីរបុរសរបស់ពួកគេជានិច្ចដដែល និងនៅតែមានជំនឿថា ប៉ុលពត គឺជាអ្នកស្រលាញ់ជាតិ ដែលធ្លាប់ដឹកនាំទ័ពខ្មែរក្រហមតស៊ូជាមួយ នឹងការឈ្លានពានរបស់(វៀតណាម)។ កាលពីថ្ងៃសៅរ៏ ទី១៥ មេសា កន្លងមកអ្នកស្រុកអន្លង់វែងរាប់សិបនាក់បានមកជួបជុំគ្នានៅ ផ្នូរ ប៉ុលពត ដែលកាលពី៨ឆ្នាំមុន ខ្មោចប៉ុលពត ត្រូវបានដុតដោយកង់ឡានចាស់ៗ និងសំភារៈខ្លះដែលធ្វើពីឈើ។ ក្រុមអ្នកស្រលាញ់ ប៉ុលពត ដែលបានជួបជុំគ្នានេះ ក៏បាននិមន្តព្រះសង្ឃ៦អង្គ ប្រារព្ធពិធីតាមព្រះពុទ្ធសាសនា និងមានការសំដែងធម្មទេសនា អុជធូបទៀនឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ និងភាវ នាឱ្យព្រលឹង ប៉ុលពត ត្រឡប់មកថែរក្សាពួកគេនៅទីនោះបន្តទៀត។
គួរបញ្ចាក់ ផងដែរថា អតីតមេដឹកនាំខ្មែរក្រហម ប៉ុលពត បានស្លាប់បាត់បង់ជីវិតនៅថ្ងៃ ទី១៥ មេសា ឆ្នាំ១៩៩៨ ក្រោយពីមេដឹកនាំក្រុមឧទ្ទាមខ្មែរក្រហមរូបនេះធ្វើការប្រឆាំង នឹងកងទ័ពវៀតណាម និងអតីតរដ្ឋកម្ពុជាយ៉ាងប្តូរផ្តាច់ក្នុងទសវត្ស ទី៨០។ ទោះបីជាបែបណា ប៉ុលពត បានស្លាប់ មុនពេលដែលក្រុមមេដឹកនាំខ្មែរក្រហមឯទៀតខ្លះបាត់បង់ ការតស៊ូដោយអាវុធ និងខ្លះទៀតត្រូវចាប់ខ្លួនរងចាំការកាត់ទោសចំពោះការអនុវត្តន៏ នយោបាយកាប់សម្លាប់ដោយឱ្យទទួលខុសត្រូវចំពោះការស្លាប់បាត់បង់ ជីវិតរបស់ ប្រជាជនច្រើនលាននាក់ក្នុងអំឡុង ឆ្នាំ១៩៧៥-១៩៧៩ ដែលជារបបខ្មែរក្រហមកាន់អំណាច។ បណ្តាអ្នកដែលទៅចូលរួមក្នុងពិធីនោះ មានគ្នាប្រហែលជាង៥០នាក់ បានថ្លែងថាពិធីនេះរៀបចំឡើងដើម្បីរំលឹកដល់អតីតមេដឹកនាំ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមិនមែនក្នុងឱកាស គំរប់ខួប៨ឆ្នាំនៃការស្លាប់របស់ ប៉ុលពត ឡើយ។ ក្រៅពីនេះគឺជាការរំលឹកដល់មិត្តភក្តិខ្មែរក្រហមដែល បានស្លាប់បាត់បង់ជីវិតក្នុងការ បំពេញតួនាទីនៅតំបន់ភ្នំដងរែក ស្ថិតនៅតាមបណ្តោយព្រំដែនភាគខាងជើងនៃប្រទេសផងដែរ។ អន្លង់វែងគឺជាមូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់ក្រុមឧទ្ទាមខ្មែរ ក្រហមមួយកន្លែង ដែលដឹកនាំដោយមេទ័ព តាម៉ុក នៅមុនពេលមានការចុះចូលនៅ ឆ្នាំ១៩៩៩ ហើយតាម៉ុក ត្រូវបានចាប់ខ្លួនបាន និងកំពុងតែជាប់ពន្ធនាគាររហូតដល់សព្វថ្ងៃរងចាំ ការកាត់ទោសនៅសាលាក្តីខ្មែរក្រហមដែលនឹងរៀបចំឡើងនៅ ឆ្នាំ២០០៧ ខាងមុខនេះ។
បណ្តាអ្នកស្រុកនៅតាមអន្លង់វែង ក្រៅពីនិមន្តព្រះសង្ឃប្រារព្វពិធីរំលឹកវិញ្ញាណក្ខន្ធដល់រីរបុរស របស់ពួកគេនោះ នៅមានរៀបចំការប្រកួតប្រដាល់រវាងអ្នកប្រដាល់ជនជាតិខ្មែរ ជាមួយអ្នកប្រដាល់ជនជាតិថៃផងដែរ និងមានអ្នកខ្លះនាំគ្នាទៅអុជធូបបួងសួងសុំសេចក្តីសុខ និងសុំលេខសំណាង(លេខឆ្នោត) ផងដែរដោយគ្រប់គ្នាចាត់ទុក ប៉ុលពត ប្រៀបដូចជាអ្នកតា។ គេនៅចាំបានថាកាលពី ៨ឆ្នាំមុនខណៈដែល ប៉ុលពត បានស្លាប់ក្រុមអ្នកឈ្លក់វង្វេង នឹងលេខឆ្នោតបាននាំគ្នាចាក់តាមអាយុ ប៉ុលពត ហើយល្បីថាបានត្រូវគ្រប់ៗគ្នាដែលកាលនោះ ប៉ុលពត មានអាយុ៧៣ឆ្នាំ។ តាំងពីពេលនោះមកផ្នូរ ប៉ុលពត ត្រូវបានចាត់ទុកថាជាកន្លែងអច្ឆរិយៈសំរាប់ការបួងសួង តែសំរាប់អ្នកគ្នានជំនឿបានទទួលស្គាល់ថាផ្នូរ ប៉ុលពត គឺជាកន្លែងទេសចរណ៏ប្រវត្តិសាស្ត្រមួយ។
(ប្រភពៈ កោះសន្តិភាព)
Entry Filed under: សាលអាន. .


ជម្រាបសួរបងប្អូនទាំងអស់គ្នា!

Trackback this post | Subscribe to the comments via RSS Feed