Archive for ខែ មេសា, 2006
ការផ្លាស់ប្តូរខ្លះនៃបែបផែនរស់នៅនាំឱ្យមនុស្ស មានអាយុវែង
តាម ការស្រាវជ្រាវបានបង្ហាញថាការផ្លាស់ប្តូរទម្លាប់ ខ្លះនៃដំណើរជីវិតរបស់លោកអ្នកអាចជះឥទ្ធិពល យ៉ាងល្អដល់ការរស់នៅបានយូររបស់លោកអ្នក។ សាកលវិទ្យាល័យ (Cambridge) របស់អង់គ្លេស បានសិក្សាទៅលើមនុស្ស ២៥,០០០នាក់។ តាមការសិក្សានេះបានបង្ហាញថាការឈប់ជក់បារី ការហាត់ប្រាណច្រើនការទទួលទានត្រឹមត្រូវ អាចធ្វើឱ្យអាយុកាលរបស់មនុស្សម្នាក់ក្មេងជាងវ័យពី១១ ទៅ១២ឆ្នាំ។
រាជ រដ្ឋាភិបាលអង់គ្លេសកំពុងតែធ្វើការតាមដានបុរស និងស្ត្រីចំនួន ២៥,៦៦៣នាក់ដែលមានអាយុ ចន្លោះពី ៤៥ ដល់៧៩ឆ្នាំចាប់តាំងពី ឆ្នាំ១៩៩៣ ដោយបានស្រាវជ្រាវមើលពី ការតមអាហារបរិស្ថាន បែបផែននៃការរស់នៅ និងសុខភាពរបស់ពួកគេ។ ពួកអ្នកចូលរួមទាំងអស់បានបំពេញបញ្ជីសំនួរចម្លើយ របស់ខ្លួនយ៉ាងទៀងទាត់ស្តីពី ការតមអាហារបែបផែននៃ ការរស់នៅហើយ នឹងការទទួល ការថែទាំសុខភាពពីគិលានុបដ្ឋាយិកា ។
លទ្ធផលពីការស្រាវជ្រាវចុងក្រោយនេះបានបង្ហាញថា ការទទួលទានផ្លែឈើ និងបន្លែ៥ដងក្នុងមួយថ្ងៃអាចធ្វើឱ្យមនុស្សមានអាយុកាលក្មេងជាង វ័យ៣ឆ្នាំ។ ការមិនជក់បារី ធ្វើឱ្យមនុស្សមានជីវិតរស់នៅបានពី ៤ទៅ៥ឆ្នាំ។ សូម្បីតែការហាត់ប្រាណជាមធ្យមក៏ដោយក៏អាចកើនអាយុបាន ៣ឆ្នាំដែរ។ ប៉ុន្តែចំនួននៃការហាត់ប្រាណរបស់មនុស្សម្នាក់ អាចធ្វើបានសំរេចវាអាស្រ័យទៅលើមុខរបររបស់គេ។
បុគ្គលិកការិយាល័យម្នាក់ត្រូវការហាត់ប្រាណក្នុងរយៈពេល១ម៉ោង ដូចជា ហែលទឹក រត់ត្រឹកៗជារៀងរាល់ថ្ងៃ។ ចំណែកឯអ្នកដែលមានមុខរបរសកម្មដូចជា ជាងកាត់សក់ជាដើម ត្រូវការហាត់ប្រាណរយៈពេល ៣០នាទីក្នុង១ថ្ងៃ។
មនុស្សដែលមានការងារសកម្មរួមមាន គិលានុបដ្ឋាយិកា និងជាងលាបឥដ្ឋមិនចាំបាច់ ធ្វើការហាត់ប្រាណច្រើនទេព្រោះការងាររបស់គេ ប្រើកម្លាំងច្រើនគ្រប់គ្រាន់ហើយ។
(ប្រភពៈ ប៊ីប៊ីស៊ី)
1 comment ខែ មេសា 28, 2006
ផ្នូរសពប៉ុល ពត ក្លាយជាកន្លែងបួងសួង
ស្រុក អន្លង់វែង(ឧត្តរមានជ័យ) ទីសក្ការៈបូជាដែលត្រូវបានសាងសង់ឡើងនៅក្បែរផ្នូរកប់សព ប៉ុលពត អតីតមេដឹកនាំខ្មែរក្រហមបច្ចុប្បន្ននេះនៅតែមានមនុស្សទៅកាន់ ទីនោះស្ទើរតែរាល់ថ្ងៃដើម្បីក្រាបសំពះសុំសេចក្តីសុខ និងខ្លះទៀតសុំឱ្យក្រុមគ្រួសាររបស់ ពួកគេមានសំណាង។បើទោះបីជានៅទីនោះមានឈ្មោះ ប៉ុលពត ជាឈ្មោះដែលខ្មែរគ្រប់រួបស្អប់ខ្ពើមបំផុតឫ សំរាប់ប្រជាជននៅទូទាំងប្រទេស ស្អប់យ៉ាងណាក៏ដោយ ប៉ុន្តែសំរាប់អ្នកស្រុកដែល រស់នៅដាច់ស្រយាលក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនោះ នៅតែចាត់ទុកថា អតីតមេដឹកនាំខ្មែរក្រហមរូបនេះជា វីរបុរសរបស់ពួកគេជានិច្ចដដែល និងនៅតែមានជំនឿថា ប៉ុលពត គឺជាអ្នកស្រលាញ់ជាតិ ដែលធ្លាប់ដឹកនាំទ័ពខ្មែរក្រហមតស៊ូជាមួយ នឹងការឈ្លានពានរបស់(វៀតណាម)។ កាលពីថ្ងៃសៅរ៏ ទី១៥ មេសា កន្លងមកអ្នកស្រុកអន្លង់វែងរាប់សិបនាក់បានមកជួបជុំគ្នានៅ ផ្នូរ ប៉ុលពត ដែលកាលពី៨ឆ្នាំមុន ខ្មោចប៉ុលពត ត្រូវបានដុតដោយកង់ឡានចាស់ៗ និងសំភារៈខ្លះដែលធ្វើពីឈើ។ ក្រុមអ្នកស្រលាញ់ ប៉ុលពត ដែលបានជួបជុំគ្នានេះ ក៏បាននិមន្តព្រះសង្ឃ៦អង្គ ប្រារព្ធពិធីតាមព្រះពុទ្ធសាសនា និងមានការសំដែងធម្មទេសនា អុជធូបទៀនឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ និងភាវ នាឱ្យព្រលឹង ប៉ុលពត ត្រឡប់មកថែរក្សាពួកគេនៅទីនោះបន្តទៀត។
គួរបញ្ចាក់ ផងដែរថា អតីតមេដឹកនាំខ្មែរក្រហម ប៉ុលពត បានស្លាប់បាត់បង់ជីវិតនៅថ្ងៃ ទី១៥ មេសា ឆ្នាំ១៩៩៨ ក្រោយពីមេដឹកនាំក្រុមឧទ្ទាមខ្មែរក្រហមរូបនេះធ្វើការប្រឆាំង នឹងកងទ័ពវៀតណាម និងអតីតរដ្ឋកម្ពុជាយ៉ាងប្តូរផ្តាច់ក្នុងទសវត្ស ទី៨០។ ទោះបីជាបែបណា ប៉ុលពត បានស្លាប់ មុនពេលដែលក្រុមមេដឹកនាំខ្មែរក្រហមឯទៀតខ្លះបាត់បង់ ការតស៊ូដោយអាវុធ និងខ្លះទៀតត្រូវចាប់ខ្លួនរងចាំការកាត់ទោសចំពោះការអនុវត្តន៏ នយោបាយកាប់សម្លាប់ដោយឱ្យទទួលខុសត្រូវចំពោះការស្លាប់បាត់បង់ ជីវិតរបស់ ប្រជាជនច្រើនលាននាក់ក្នុងអំឡុង ឆ្នាំ១៩៧៥-១៩៧៩ ដែលជារបបខ្មែរក្រហមកាន់អំណាច។ បណ្តាអ្នកដែលទៅចូលរួមក្នុងពិធីនោះ មានគ្នាប្រហែលជាង៥០នាក់ បានថ្លែងថាពិធីនេះរៀបចំឡើងដើម្បីរំលឹកដល់អតីតមេដឹកនាំ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមិនមែនក្នុងឱកាស គំរប់ខួប៨ឆ្នាំនៃការស្លាប់របស់ ប៉ុលពត ឡើយ។ ក្រៅពីនេះគឺជាការរំលឹកដល់មិត្តភក្តិខ្មែរក្រហមដែល បានស្លាប់បាត់បង់ជីវិតក្នុងការ បំពេញតួនាទីនៅតំបន់ភ្នំដងរែក ស្ថិតនៅតាមបណ្តោយព្រំដែនភាគខាងជើងនៃប្រទេសផងដែរ។ អន្លង់វែងគឺជាមូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់ក្រុមឧទ្ទាមខ្មែរ ក្រហមមួយកន្លែង ដែលដឹកនាំដោយមេទ័ព តាម៉ុក នៅមុនពេលមានការចុះចូលនៅ ឆ្នាំ១៩៩៩ ហើយតាម៉ុក ត្រូវបានចាប់ខ្លួនបាន និងកំពុងតែជាប់ពន្ធនាគាររហូតដល់សព្វថ្ងៃរងចាំ ការកាត់ទោសនៅសាលាក្តីខ្មែរក្រហមដែលនឹងរៀបចំឡើងនៅ ឆ្នាំ២០០៧ ខាងមុខនេះ។
បណ្តាអ្នកស្រុកនៅតាមអន្លង់វែង ក្រៅពីនិមន្តព្រះសង្ឃប្រារព្វពិធីរំលឹកវិញ្ញាណក្ខន្ធដល់រីរបុរស របស់ពួកគេនោះ នៅមានរៀបចំការប្រកួតប្រដាល់រវាងអ្នកប្រដាល់ជនជាតិខ្មែរ ជាមួយអ្នកប្រដាល់ជនជាតិថៃផងដែរ និងមានអ្នកខ្លះនាំគ្នាទៅអុជធូបបួងសួងសុំសេចក្តីសុខ និងសុំលេខសំណាង(លេខឆ្នោត) ផងដែរដោយគ្រប់គ្នាចាត់ទុក ប៉ុលពត ប្រៀបដូចជាអ្នកតា។ គេនៅចាំបានថាកាលពី ៨ឆ្នាំមុនខណៈដែល ប៉ុលពត បានស្លាប់ក្រុមអ្នកឈ្លក់វង្វេង នឹងលេខឆ្នោតបាននាំគ្នាចាក់តាមអាយុ ប៉ុលពត ហើយល្បីថាបានត្រូវគ្រប់ៗគ្នាដែលកាលនោះ ប៉ុលពត មានអាយុ៧៣ឆ្នាំ។ តាំងពីពេលនោះមកផ្នូរ ប៉ុលពត ត្រូវបានចាត់ទុកថាជាកន្លែងអច្ឆរិយៈសំរាប់ការបួងសួង តែសំរាប់អ្នកគ្នានជំនឿបានទទួលស្គាល់ថាផ្នូរ ប៉ុលពត គឺជាកន្លែងទេសចរណ៏ប្រវត្តិសាស្ត្រមួយ។
(ប្រភពៈ កោះសន្តិភាព)
Add comment ខែ មេសា 21, 2006
បរិមាណឧស្ម័នកាបូនិកកើនឡើងយ៉ាងខ្លាំដល់កំរិត ខ្ពស់បំផុត
ក្រុម អ្នកវិទ្យាសាស្ត្រអាកាសធាតុអាមេរិកបានធ្វើការកត់សំគាល់នូវ ការកើនឡើងយ៉ាងខ្លាំងបំផុតនូវបណ្តុំឧស្ម័នកាបូនិក(CO2) នៅក្នុងស្រទាប់បរិយាកាសដែលនេះជាកំរិតខ្ពស់បំផុតមិនដែលមានពី មុនមក។ សារពត៍មានប៊ីប៊ីស៊ីបានបង្ហាញពីទិន្នន័យ ដែលឃើញថាកំរិតរបស់ឧស្ម័នកាបូនិកឡើងដល់កំរិត ៣៨១ផ្នែក ក្នុង១លានដែលកាលពីលើកមុនមានត្រឹមតែ ១០០ផ្នែក ក្នុង១លានប៉ុណ្ណោះ។
តាមការស្រាវជ្រាវបានបញ្ជាក់ថា ឆ្នាំ២០០៥គឺជាឆ្នាំដែលមានការកើនឡើងនូវបរិមាណ ឧស្ម័នកាបូនិកនៅក្នុងបរិយាកាសច្រើនជាងឆ្នាំណាៗទាំងអស់។ រដ្ឋបាលគ្រប់គ្រងបរិយាកាស នឹងផ្ទៃសមុទ្រជាតិ របស់សហរដ្ឋអាមេរិកបានធ្វើការវិភាគទៅលើខ្យល់ដែល ប្រមូលយកមកពីជុំវិញពិភពលោករួមទាំងតំបន់ភ្នំថ្មរបស់សហរដ្ឋអា មេរិកផងដែរ។
ប្រធានក្រុមវិភាគឧស្ម័នកាបូនិកនៃរដ្ឋបាលគ្រប់គ្រងបរិយាកាស និងផ្ទៃសមុទ្រជាតិរបស់អាមេរិកបាននិយាយថា តាមទិន្នន័យលើកចុងក្រោយនេះបញ្ជាក់ពីការកើនឡើង ក្នុងកំរិតគួរឲ្យព្រួយបារម្ភនៃឧស្ម័នកាបូនិកក្នុងរយៈពេល ប៉ុន្មានឆ្នាំនេះ គឺកើនឡើងទ្វេដងបើប្រៀបធៀបទៅកាលពី ៣០ឆ្នាំមុន។ លោកបណ្ឌិត ព្យឺធ័រធែន បាននិយាយថាគ្មានការថយបន្តិចណាឡើយ ហើយសន្ទុះនៃការកើនឡើងកាន់តែលឿនទៅៗ។
កំរិតនៃការកើនឡើងរបស់ឧស្ម័នកាបូនិកនៅពេលនេះកើនឡើងគួរឲ្យ ព្រួយបារម្ភនៅ ក្នុងបរិយាកាសពិភពលោក ហើយវា នឹងអាចផ្តល់ផលអាក្រក់ដល់ការផ្លាស់ប្តូរនាពេលបច្ចុប្បន្ននេះ។ លោកសាស្ត្រាចារ្យ ដេវិដ ឃីង ប្រធានក្រុមទីប្រឹក្សាវិទ្យាសាស្ត្រ អង់គ្លេសបាននិយាយថាតាមទិន្នន័យដែលបង្ហាញនូវដំណាក់កាលចុងក្រោយ នេះ គឺបង្ហាញពីភាពចាំបាច់ដែលយើងត្រូវចាត់វិធានការជាបន្ទាន់ដើម្បី ទប់ស្កាត់ និងកំនត់បរិមាណ ឧស្ម័នកាបូនិកដែលត្រូវប៉ភាយឡើង និងដើម្បីគ្រប់គ្រងការប្រែប្រួលនៃស្រទាប់បរិយាកាស។
(ប្រភពៈ ប៊ីប៊ីស៊ី)
Add comment ខែ មេសា 4, 2006
ម្ចាស់ពានរង្វាន់គណិតវិទូប្រចាំឆ្នាំ២០០៦
គណិត វិទូជនជាតិស៊ុយអែតឈ្មោះ ឡេណាតខាឡេសុន ត្រូវបានប្រកាសថាជាអ្នកឈ្នះពាន់រង្វាន់អាបែល២០០៦ (2006 Abel Prize) ចំពោះការងារដ៏ឆ្លាតវៃក្នុងជំនាញគណិតវិទ្យា។ ពាន់រង្វាន់នេះមានតម្លៃ ៩២០,០០០ដុល្លារអាមេរិក ហើយបានទទួលស្គាល់ថាជាអ្នកជំនាញខាងផ្នែកគណិតវិទ្យាដោយពាន រង្វាន់ណូបែល។ការផ្តល់ពានរង្វាន់នេះ គឺទទួលស្គាល់ស្នាដៃរបស់លោកសាស្ត្រាចារ្យ ខាឡេសុនក្នុងការវិភាគតាមក្បួនគណិតសាស្ត្រ ជាពិសេសជាទឹកតាង គឺទ្រឹស្តីហ្វឺរីយេមួយចំនួនដែល លោកបានបង្កើត។ ពាន់រង្វាន់នេះត្រូវបានប្រគល់ដោយវិទ្យាស្ថានវិទ្យាសាស្ត្រ និងអក្សរសាស្ត្រនៃប្រទេសណកវ៉េ។
លោកសាស្ត្រាចារ្យ ខាឡេសុនបានប្រាប់ថា លោកពិតជាមានការត្រេកអរ និងរំភើបជាខ្លាំងនៅពេលដែលបានទទួលដំណឹងពីការប្រកាសកាលពីថ្ងៃ ព្រហស្បត៏កន្លងទៅនៅទីក្រុងអូស្លូ។ លោកបាននិយាយថា មានមនុស្សពូកែជាច្រើនដែលត្រូវបានជ្រើសរើស ហេតុដូច្នេះលោកមានការសប្បាយចិត្តខ្លាំងណាស់ ហើយគិតថាលោកមានសំណាងណាស់។ លោកនឹងចូលរួមដើម្បីទទួលពានរង្វាន់របស់លោកពីសំណាក់ព្រះមហា ក្សត្រនៃប្រទេសណកវ៉េនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់នៅថ្ងៃ ទី២៣ ឧសភាខាងមុខ។
គណកម្មាធិការពានរង្វាន់អាបែលអន្តរជាតិ ដែលបានសំរេចជ្រើសរើសរូបលោក ខាឡេសុនជាអ្នកឈ្នះបាននិយាយថាលោក ខាឡេសុន គឺពូកែដាច់ជាងមនុស្សជាច្រើនទៀតពីព្រោះលោកបានដោះស្រាយនូវ បញ្ហាដែលលំបាកៗបំផុតជាច្រើន។
(ប្រភពៈ ប៊ីប៊ីស៊ី)
4 comments ខែ មេសា 4, 2006
អ្នកទេសចរណ៏ជាតិ និងអន្តរជាតិចូលទស្សនា សារមន្ទីរជាតិកើនឡើង
សារមន្ទីរជាតិស្ថិតក្នុងក្រុងភ្នំពេញ គឺជាវិមានដ៏ស្គឹមស្គៃលំនាំតាមស្ថាបត្យកម្មខ្មែរ បុរាណសំរាប់ទុកដាក់ថែរក្សា និងតាំងវត្ថុបុរាណដែលជាស្នាដៃសិល្បៈរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ទាំងអស់រួមទាំងវត្ថុពីសម័យបុរេប្រវត្តិសាស្ត្រផងដែរ។លោក ឃុន សាម៉េន ប្រធានសារមន្ទីរជាតិបានឲ្យដឹងថា សារមន្ទីរជាតិភ្នំពេញ បានកសាងឡើងក្នុងឆ្នាំ១៩១៧ នាសម័យអាណានិគមបារាំង(១៨៦៣-១៩៥៣) ហើយសម្ផោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពរបស់ព្រះករុណាព្រះបាទសម្តេច ព្រះស៊ីសុវត្ថិព្រះចៅក្រុងកម្ពុជានា ថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២០។ នៅសម័យនោះដើម្បី លើកកិត្តិយសដល់លោកទេសាភិបាលបារាំងឈ្មោះ អាល់ប៉ែរត៏ សារូត៏ ប្រចាំនៅឥណ្ឌូចិនសារមន្ទីរនេះត្រូវបានប្រែឈ្មោះពីសារមន្ទីរ ក្រុងកម្ពុជាធិបតី ទៅជារសារមន្ទីរ អាល់ប៉ែរត៏សារូត៏វិញ។
លោកប្រធានសារមន្ទីរប្រាប់ថាសារមន្ទីរជាតិបានតុបតែងក្បាច់រចនាយ៉ាងរស់រវើកនៅ លើបង្អួចទាំង១២និងនៅលើទ្វារធំទាំងបី ព្រមទាំងបានគូរផ្ទាំងគំនូររៀបរាប់ពីរឿង ព្រេងខ្មែរតាមសន្លឹកបង្អួចជួរខាងលិចពីខាងក្នុង។ សារមន្ទីរនេះស្ថិតនៅក្នុងមណ្ឌល តែមួយនឹងសាលាភូមិន្ទវិចិត្រសិល្បៈ (សាលារចនាដែលកសាងក្នុងឆ្នាំ១៩១៧) ។
បារាំងបានផ្ទេរការគ្រប់គ្រងសារមន្ទីរកម្ពុជាវិញនៅឆ្នាំ ១៩៥១ ហើយចាប់ពីឆ្នាំ១៩៦៦ ដល់១៩៧៥សារមន្ទីរគ្រប់គ្រងដោយអភិរក្សជាជនជាតិខ្មែរ២រូប គឺលោកជាថៃសេង និងលោកលីវ៉ូអុង។ចាប់ពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩មកមានអភិរក្សជាច្រើនរូប ដូចជាលោកកាន់ម៉នលោអ៊ុកជា លោកអ៊ុក ស៊ុនហេង និងលោកពេជ្រកែវមកឲ្យលោក ឃុនសាម៉េនរហូតមកដល់បច្ចុប្បន្ននេះ ។
នៅក្នុងបរិវេណសារមន្ទីរជាតិលំអរទៅដោយសួនច្បារ និងមានដាក់តាំងរូបចម្លាក់ ផ្សេងៗជាច្រើនដែលសុទ្ធតែជាវត្ថុបុរាណ ស្នាដៃបុព្វបុរសខ្មែរសម័យមុន ហើយនៅក្នុង អាគារសារមន្ទីរមានវត្ថុបុរាណសំខាន់ៗជាច្រើន ។
លោកឃុន សាម៉េនឲ្យដឹងថានៅឆ្នាំ២០០៤ បើតាមស្ថិតិរបស់ការិយាល័យរដ្ឋបានឲ្យ ដឹងថាមានភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនានៅក្នុងសារមន្ទីរចំនួន៦៨,១៧៤នាក់ ក្នុងនោះមានសិស្ស-និស្សិតចំនួន ៨,៣១១នាក់ ព្រះសង្ឃចំនួន៣,៨៣៤អង្គ ភ្ញៀវជាតិ ចំនួន១១,៨៣៩នាក់និងភ្ញៀវអន្តរជាតិចំនួន៤៤,២៤៥នាក់ រួមទាំងគណប្រតិភូអន្តរ ជាតិចំនួន៩៤៤នាក់។ចំនែកនៅឆ្នាំ២០០៥ សារមន្ទីរជាតិបានទទួលភ្ញៀវជាតិនិងអន្តរ ជាតិសរុបចំនួន៧៨,០២៥នាក់ និងភ្ញៀវអន្តរជាតិចំនួន ៥១,២៥១នាក់។ បើប្រៀប ធៀបរវាងឆ្នាំ២០០៤និងឆ្នាំ២០០៥ ឃើញថាសារមន្ទីរជាតិមានភ្ញៀវកើនឡើងជាង១ ម៉ឺននាក់។
ដោយឡែកនៅខែមករាឆ្នាំ២០០៦នេះពីមួយថ្ងៃទៅមួយថ្ងៃមានទេសចរណ៏ជាតិនិង អន្តរជាតិចូលទស្សនាកើនឡើងជាលំដាប់ ក្នុងនេះសំរាប់ថ្ងៃទី៣១ មករាមានភ្ញៀវជាង ៧០០នាក់ឯណោះ។ទាក់ទិននឹងតំលៃសំបុត្រគឺភ្ញៀវជាតិសំបុត្រមួយថ្លៃ៥០០រៀលនិង ភ្ញៀវបរទេសសំបុត្រមួយថ្លៃ៣ដុល្លារ។ ចំពោះសិស្ស-និស្សិត និងព្រះសង្ឃមិនតំរូវឲ្យ ទិញសំបុត្រទេ។ក្រៅពីនេះប្រជាពលរដ្ឋមនុស្សចាស់ក្រីក្រដែលសុំចូលទស្សនានិង មានការយោគយល់ផងដែរ។
លោកប្រធានសារមន្ទីរជាតិបញ្ជាក់ថា ការលក់សំបុត្រឲ្យភ្ញៀវជាតិ តម្លៃ៥០០រៀលនេះ គឺសំរាប់ប្រមូលយកមកថែទាំសំអាតទីធ្លាសារមន្ទីរ និងសំរាប់ចំណាយទៅលើការថៃ រក្សាវត្ថុបុរាណចំពោះថវិកាដែល បានមកពីការលក់សំបុត្រឲ្យភ្ញៀវបរទេស គឺសំរាប់ អភិរក្សវត្ថុបុរាណនានាក្នុងសារមន្ទីរ និងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
(ប្រភពៈ everyday)
មតិយោបល់សូមចុច Comment
Add comment ខែ មេសា 3, 2006


ជម្រាបសួរបងប្អូនទាំងអស់គ្នា!
